គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានសហគ្រាសប៉េប៉េអឹម និងមន្ទីរពិសោធន៍ Labiocert នៅ CPHI South East Asia ប្រទេសម៉ាឡេស៊ី

កាលបរិច្ឆេទ: ០៨ សីហា ២០២៥ / សុខភាព / Author : admin

CPHI South East Asia ២០២៥ បានប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥ នៅអគារ MITEC នាទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងមានអ្នកចូលរួមជាង៨០០០នាក់ ដែលជាអ្នកជំនាញផ្នែកឱសថ ក្នុងនោះមានសហគ្រាសផលិតឱសថប៉េប៉េអឹម និងមន្ទីរពិសោធន៍ Labiocert និងក្រុមហ៊ុនសហគ្រាសដែលដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនប្រមាណ៤០០មកពីអាស៊ី និងមកពីទូទាំងពិភពលោក។

CPHI South East Asia មានន័យថា « Convention on Pharmaceutical Ingredients អនុសញ្ញាស្តីពីធាតុផ្សំឱសថ»។ ព្រឹត្តិការណ៍ថ្នាក់អន្តរជាតិនេះ ដែលរៀបចំឡើងដោយមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ (ឧទាហរណ៍ CPHI Europe, CPHI China, CPHI India ជាដើម) គឺជាវេទិកាដ៏ធំមួយដែលប្រមូលផ្តុំទៅដោយផ្នែកផ្សេងៗនៃខ្សែសង្វាក់ផ្គត់ផ្គង់ឱសថមានដូចជា អ្នកផលិត អ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកផ្តល់សេវាកម្ម ផ្នែកវេចខ្ចប់ ផ្នែកច្នៃប្រឌិតបច្ចេកវិទ្យា និងមន្ទីរពិសោធន៍។

ដូច្នេះ CPHI South East Asia គឺជាព្រឹត្តិការណ៍រៀបចំឡើងសម្រាប់អនុសញ្ញាសកលនៅអាស៊ីអាគ្នេយ៍ សំដៅបង្រួបបង្រួមអ្នកជំនាញទំាងអស់ និងដើម្បីសម្រួលដល់ការពិភាក្សាជុំវិញធាតុផ្សំឱសថ និងការច្នៃប្រឌិតក្នុងវិស័យនេះ។

ក្នុងអំឡុងពេលបីថ្ងៃនៅទីក្រុងគួឡាឡាំពួរ សិក្ខាសាលា និងសន្និសីទជាង៤០បានផ្តល់ឱកាសឱ្យអ្នកជំនាញធ្វើការពិភាក្សាគ្នាជុំវិញបញ្ហាសំខាន់ៗមួយចំនួនដូចជា ការកើនឡើងនៃធាតុផ្សំសកម្មរបស់ឱសថ(API) ការរីកចម្រើនរបស់ក្រុមហ៊ុនស្រាវជ្រាវឱសថជាប់កិច្ចសន្យា (CRO) ការរីកចម្រើនផ្នែកឌីជីថលនៃខ្សែសង្វាក់តម្លៃ និងបញ្ហាប្រឈមទាក់ទងនឹងការវេចខ្ចប់ឱសថ។ ចំណាប់អារម្មណ៍ជាពិសេសត្រូវបានផ្តោតទៅលើទីផ្សារអាស៊ីអាគ្នេយ៍ មានដូចជា ប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ដែលថាមពល និងកំណែទម្រង់ថ្មីៗ បានទាក់ទាញវិនិយោគិនបរទេស និងជួយជំរុញឱ្យមានការច្នៃប្រឌិតផ្នែកឧស្សាហកម្មឱសថ។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំវគ្គអាជីវកម្ម និងវគ្គផ្តោះប្តូរព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។ ដូច្នេះក្រុមហ៊ុនសហគ្រាសអាចចាប់យកឱកាសថ្មីតាមរយៈការជួបជាមួយដៃគូពាណិជ្ជកម្ម អ្នកចែកចាយ អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា អ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគ ក្នុងបរិបទមួយដែលវិស័យឱសថនៅក្នុងតំបន់ទទួលបានកំណើនថេរ ពោលគឺជាង ៦% ជារៀងរាល់ឆ្នាំ និងដែលអាចកើនរហូតដល់១៨,២៧ពាន់លាន់ដុល្លារនៅឆ្នាំ២០៣០។

បញ្ហាទាក់ទងនឹងភូមិសាស្រ្តនយោបាយ និងឧស្សាហកម្មគឺជាប្រធានបទដែលត្រូវបានលើកយកមកពិភាក្សាៈ កំណើនសេដ្ឋកិច្ចដ៏ខ្លាំងរបស់ប្រទេសម៉ាឡេស៊ីក្លាយជាគោលដៅសំខាន់នៃការវិនិយោគនៅក្នុងតំបន់ ដោយសារតែប្រទេសនេះអនុវត្តគោលនយោបាយពន្ធគួរឱ្យទាក់ទាញ និងបើកចំហចំពោះការវិនិយោគបរទេស ការអភិវឌ្ឍន៍ផលិតកម្មឱសថក្នុងស្រុក ជាពិសេសទាក់ទិននឹងការផលិតធាតុផ្សំសកម្ម និងផលិតផលសម្រេច និងភាពទាក់ទាញកាន់តែកើនឡើងនៅក្នុងតំបន់សម្រាប់វិនិយោគិនឥណ្ឌា ចិន និងជប៉ុន ព្រមទាំងអឺរ៉ុប និងអាមេរិកផងដែរ។ ការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុនស្រាវជ្រាវឱសថជាប់កិច្ចសន្យា និងការរីកចម្រើនផ្នែកការធ្វើតេស្តឱសថគឺដោយសារតែមានកម្លាំងពលកម្មដែលមានសមត្ថភាព និងមានក្របខ័ណ្ឌបទប្បញ្ញតិ្តដែលប្រសើរឡើងឥតឈប់ឈរ។ ជាចុងក្រោយ បញ្ហាបរិស្ថានក៏ដូចជាការបង្កើនល្បឿននៃការប្រើប្រាស់ប្រព័ន្ធឌីជីថលកំពុងក្លាយជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តពង្រីកវិស័យឧស្សាហកម្មឱសថ៕